បើគិតចាប់តាំងពីការផ្ទុះឡើងដំបូង នៃកូវីដ១៩ នាអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ព្រឹក ថ្ងៃទី២៣ ខែឧសភា នៅលើពិភពលោក មានអ្នកឆ្លងកូវីដ១៩ នៅតែបន្ដកើនឡើង រហូតដល់ ៥ ៣០៣ ៩៨៨នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ២ ១៥៨ ៥៥៦នាក់ និងស្លាប់ ៣៤០ ០០៣នាក់។
មហាអំណាចលេខ១ ទាំងសេដ្ឋកិច្ច និងយោធារបស់ពិភពលោក នៅតែជាប្រទេសរងគ្រោះដោយកូវីដ១៩ខ្លាំងជាងគេដដែល។ នៅលើទឹកដីអាមេរិក មានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើង រហូតដល់ ១ ៦៤៥ ០៩៤ ក្នុងនោះមានអ្នកជាសះស្បើយ ៤០៣ ២០១ និងស្លាប់ ៩៧ ៦៤៧នាក់។
បើគិតត្រឹមវេលាខាងលើនេះ ប្រេស៊ីលបានដណ្ដើមចំណាត់ថ្នាក់លេខ២ នៃចំនួនអ្នកឆ្លងកូវីដ១៩ច្រើនបំផុត នៅលើពិភពលោក ពីប្រទេសរុស្ស៊ី។ ប្រទេសប្រេស៊ីល មានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ ៣៣២ ៣៨២ ក្នុងនោះមានអ្នកជាសះស្បើយ ១៣៥ ៤៣០នាក់ និងស្លាប់ ២១ ១១៦នាក់។
ប្រទេសប្រេស៊ីល បានចាប់ផ្ដើមមានអ្នកឆ្លងកូវីដ១៩ កាន់តែច្រើនឡើង ក្រោយពេលប្រធានាធិបតី នៃប្រទេសនេះ មិនព្រមស្ដាប់តាមការណែនាំរបស់រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ដោយលោកទាមទារឲ្យប្រជាពលរដ្ឋប្រេស៊ីល ត្រូវរស់នៅគម្លាតឆ្ងាយពីសង្គម។ ប៉ុន្ដែអ្វីដែលលោករដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានលើកឡើង គឺផ្ទុយនឹងទស្សន:របស់លោកប្រធានាធិបតី ចង់បើកឲ្យដំណើរការសេដ្ឋកិច្ច នៅក្នុងស្ថានការណ៍កូវីដ១៩ កំពុងរាតត្បាត។ ការសម្រេចចិត្តដ៏ខុសបំផុតរបស់ប្រធានាធិបតី ដោយការខ្វែងគំនិតគ្នា រហូតឈានដល់ការដកតំណែងលោករដ្ឋមន្រ្ដីក្រសួងសុខាភិបាលនោះ ទើបបណ្ដាលឲ្យមានការឆ្លងរាលដាលកូវីដ១៩កាន់តែច្រើនឡើង នៅក្នុងប្រទេសប្រេស៊ីល។
ប្រទេសរុស្ស៊ី នៅត្រឹមព្រឹក ថ្ងៃទី២៣ ខែឧសភា នេះ បានធ្លាក់ចំណាត់ថ្នាក់មកនៅត្រឹមលេខ៣ ដោយមានអ្នកឆ្លង ៣២៦ ៤៤៨នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៩៩ ៨២៥នាក់ និងស្លាប់ ៣ ២៤៩នាក់។
ដោយឡែកអេស្ប៉ាញ មានអ្នកឆ្លងកូវីដ១៩ កើនឡើង ២៨១ ៩០៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ១៩៦ ៩៥៨ និងស្លាប់ ២៨ ៦២៨នាក់។
ទោះជាយ៉ាងណា បើនិយាយអំពីចំនួនអ្នកស្លាប់ដោយកូវីដ១៩ច្រើនជាងគេនៅលើពិភពលោកវិញ គឺអាមេរិកឈរលេខ១, អង់គ្លេស ឈរលេខ២, អ៊ីតាលី ឈរលេខ៣ និងអេស្ប៉ាញ លេខ៤ ៕ ប្រែសម្រួលដោយ Nuon