ប្រេស៊ីល បាននាំមុខ រុស្ស៊ី ក្លាយជាប្រទេសមានអ្នកឆ្លងកូវីដ១៩ ច្រើនលំដាប់ទីពីរ នៅលើពិភពលោក បន្ទាប់ពីអាមេរិក។
បើគិតត្រឹមព្រឹក ថ្ងៃទី២៣ ខែឧសភា ប្រេស៊ីល មានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ទៅ ៣៣០ ៨៩០នាក់ ច្រើនជាងប្រទេសរុស្ស៊ី ក្លាយជាប្រទេសទីពីរ បន្ទាប់ពីអាមេរិកមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ។ ចំនួនអ្នកស្លាប់ ដោយកូវីដ១៩ នៅអាមេរិកឡាទីនមួយនេះ ក៏បានកើនឡើងដល់ ២១ ០៤៨នាក់ ដោយក្នុងថ្ងៃទី២២ ខែឧសភា មានអ្នកស្លាប់ដោយកូវីដ១៩ រហូតដល់ទៅ១០០១នាក់។
ប៉ុន្តែតាមក្រុមអ្នកឯកទេស បានព្រមានថា តួលេខពិត អាចនឹងមានអ្នកស្លាប់ និងឆ្លងកូវីដ១៩ ច្រើនជាងនេះទ្វេដង។ បើទោះជាមានការឆ្លងច្រើនក្តី តែរដ្ឋាភិបាលប្រេស៊ីលមិនទាន់មានវិធានការបិទទ្វារប្រទេស ទប់ស្កាត់ការឆ្លងកូវីដ១៩ នៅឡើយទេ ។
ចំណែកប្រធានាធិបតីប្រេស៊ីលវិញ លោក Bolsonaro ដែលជាមេដឹកនាំធ្លាប់បានបញ្ជាក់ជាច្រើនលើកមកហើយថា កូវីដ១៩ ដូចទៅនឹងជំងឺផ្តាសាយធម្មតាប៉ុណ្ណោះ ហើយអំពាវនាវឲ្យពលរដ្ឋទៅធ្វើការតាមធម្មតា ដូចដើម ។ ចំណុចទាំងនេះហើយ ទើបធ្វើឲ្យប្រទេសនេះមានអ្នកឆ្លងកើនឡើងខ្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃ៕ ប្រែសម្រួលដោយ៖ MEO