ពិតជាមហាសំណាង ប្រធានធនាគាររួចផុតពីក្តីស្លាប់ នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះដ៏រន្ធត់ នៅប៉ាគីស្ថាន
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តះហោះដឹកអ្នកដំណើរ១០៧នាក់ នៅក្នុងប្រទេសប៉ាគីស្ថាន មានអ្នកដំណើរពីរនាក់ នៅរស់មានជីវិតនៅឡើយ ក្នុងនោះមាន CEO ធនាគារ Punjab (BOP) លោក Zafar Masud ។
នៅក្នុងសេចក្តីប្រកាសរបស់ធនាគារ BOP នៅលើបណ្តាញសង្គម Twitter បានឲ្យដឹងថា ប្រធានធនាគារ Zafar Masud មានភ័ព្វសំណាងល្អ បានរួចផុតពីសេចក្តីស្លាប់ នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។ នៅពេលនេះ លោក Zafar Masud កំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ដោយមានមន្ត្រីក្នុងតំបន់បានទៅសួរសុខទុក្ខផងដែរ ។ លោក Zafar Masud បានរួចផុតពីគ្រោះថ្នាក់ហើយ។
ក្រៅពីប្រធានធនាគារ ក៏នៅមានអ្នកដំណើរម្នាក់ទៀត មានឈ្មោះ Mohd Zubair ក៏នៅរស់រានមានជីវិតផងដែរ នៅក្នុងគ្រោះថ្នាក់ដ៏រន្ធត់នោះ។ ក្នុងពេលគ្រោះថ្នាក់កើតឡើង លោកអភិបាលក្រុងការ៉ាជី បានប្រកាសថា អ្នកដំណើរនៅលើយន្តហោះទាំងអស់ អាចនឹងស្លាប់ ក្រោយពេលយន្តហោះផ្ទុះឆេះខ្ទេច។ ប៉ុន្តែបើតាមរូបភាពពីកន្លែងកើតហេតុ មានមនុស្សប្រមាណ១៥-២០ នាក់ បានយកចេញពីគំនរបាក់បែក នៃយន្តហោះនោះ។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់នេះ គឺស្ថិតកំពុងស្រាវជ្រាវនៅឡើយ។ យន្តហោះបានជួបគ្រោះថ្នាក់ ពេលកំពុងព្យាយាមចុះចត នៅអាកាសយានដ្ឋានការ៉ាជី។ នៅលើយន្តហោះនោះ មានអ្នកដំណើរចំនួន៩៩ នាក់ និងក្រុមអាកាសយានិក ចំនួន៨នាក់ផងដែរ៕ ប្រែសម្រួលដោយ៖ MEO