មជ្ឈមណ្ឌលដោះស្រាយជំងឺឆ្លងកូវីដ១៩ របស់រដ្ឋាភិបាលថៃ CCSA កាលពីថ្ងៃទី២២ ខែឧសភា បានអនុម័តទៅលើសំណើរបស់គណៈកម្មការសន្តិសុខជាតិថៃ (NSC) បន្តច្បាប់គ្រាមានអាន្នបន្ថែម១ខែទៀត រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ។
គណៈកម្មការសន្តិសុខជាតិថៃ (NSC) កាលពីថ្ងៃទី២១ ខែឧសភា បានផ្សាយថា ការព្យារពេលបន្ថែម១ខែទៀត ពាក់ព័ន្ធនឹងច្បាប់បម្រាមគោចរ នៅពេលយប់។ ច្បាប់គ្រាមានអាសន្ន បានអនុម័ត កាលពីថ្ងៃទី២៦ ខែមីនា ហើយត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែឧសភា ប៉ុន្តែដោយសារស្ថានភាពមិនទាន់ល្អ ក៏បានសម្រេចពន្យារបន្ថែមមួយខែទៀត។
ក្រោយការឯកភាពគ្នា ច្បាប់ខាងលើនឹងត្រូវបញ្ជូនទៅកាន់គណ:រដ្ឋមន្ត្រីអនុម័ត នៅថ្ងៃទី២៦ ខែឧសភា ។ រហូតមកទល់ពេលនេះ ថៃបានកាត់បន្ថយការរឹតត្បិត ពីរលើករួចមកហើយ ដោយលើកទីមួយ កាលពីថ្ងៃទី៣ ខែឧសភា និងលើកទីពីរ ចាប់ពីថ្ងៃទី១៧ ខែឧសភា ។ ជាមួយគ្នាដែរ រដ្ឋាភិបាលថៃ ក៏បានផ្តល់ពេលវេលាថែម១ម៉ោងទៀត នៅពេលយប់ គឺចាប់ពីម៉ោង២៣ដល់ម៉ោង៤ទៀបភ្លឺ ដោយពីមុនចាប់ពីម៉ោង២២ដល់ម៉ោង៤។
កូវីដ១៩នៅក្នុងប្រទេសថៃ មិនមានករណីឆ្លងថ្មីឡើយ នៅថ្ងៃទី២២ ខែឧសភា ហើយក៏មិនមានអ្នកស្លាប់នោះដែរ។ បើគិតមកដល់ថ្ងៃទី២២ ខែឧសភា មានអ្នកឆ្លង ៣០៣៧នាក់ និងស្លាប់៥៦នាក់ នៅទូទាំងប្រទេសថៃ។ បច្ចុប្បន្នថៃ នៅមានអ្នកជំងឺកំពុងព្យបាល តែ៧១នាក់ប៉ុណ្ណោះ ៕ ប្រែសម្រួលដោយ៖ MEO