បើគិតត្រឹមរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ១៩សរុប បន្ដកើនឡើង រហូតដល់ ៥ ២០៧ ៩១១នាក់ ក្នុងនោះស្លាប់ ៣៣៤ ៨៤៨នាក់ និងជាសះស្បើយ ២ ០៩២ ១៧៩នាក់។ នេះបើយោងតាមតួលេខចេញផ្សាយ ដោយ Worldometer កាលពីវេលាខាងលើ។
អាមេរិក នៅតែជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លង បន្ដកើនឡើង រហូតដល់ ១ ៦២១ ១៩៦នាក់ ស្លាប់ ៩៦ ៣៥៩នាក់ និងជាសះស្បើយ ៣៨២ ២៤៤នាក់។ រុស្ស៊ី ជាប្រទេសមានអ្នកឆ្លងច្រើន បន្ទាប់ពីអាមេរិក ដោយមានអ្នកឆ្លង ៣២៦ ៤៤៨ ស្លាប់៣ ២៤៩នាក់ និងជាសះស្បើយ ៩៩ ៨២៥នាក់។ រីឯប្រេស៊ីល មានអ្នកឆ្លងច្រើនលំដាប់លេខ៣ ដោយមានអ្នកឆ្លង ៣១០ ៩២១នាក់ ស្លាប់ ២០ ០៨២នាក់ និងជាសះស្បើយ ១២៥ ៩៦០នាក់។
បើទោះជានៅលើទឹកដីមហាអំណាចលេខ១របស់ពិភពលោក ទាំងសេដ្ឋកិច្ច និងយោធា មានអ្នកឆ្លងកូវីដ១៩ច្រើនបែបនេះក្ដី ក៏លោក ដូណាល់ ត្រាំ ប្រធានាធិបតិអាមេរិក បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២១ ខែឧសភា ថា លោកចង់ឲ្យបើកដំណើរការសេដ្ឋកិច្ចឡើងវិញ នៅទូទាំងសហរដ្ឋអាមេរិក។ ការបិទប្រទេសបែបនេះ បានធ្វើឲ្យការអត់ការងារធ្វើ ពាក់ព័ន្ធនឹងកូវីដ១៩ កើនឡើងយ៉ាងច្រើនបំផុត។
លោកប្រធានាធិបតី បានបញ្ជាក់ថា បើនៅតែបន្ដបិទប្រទេស និងអនុវត្ដតាមការណែនាំឲ្យនៅគម្លាតឆ្ងាយពីសង្គម ក៏នឹងនៅតែជាមហន្ដរាយដល់សេដ្ឋកិច្ចផងដែរ។ ខណ:នេះដែរ ប្រទេសខ្លះ នៅតំបន់អឺរ៉ុប នឹងចាប់ផ្ដើមដំណើរការសេដ្ឋកិច្ចឡើងវិញ ក្រោយការបិទប្រទេស ប្រឆាំងនឹងកូវីដ១៩ផងដែរ៕ ប្រែសម្រួល ដោយ Nuon