សារព័ត៌មានបាងកកប៉ុស្ដិ៍ បានផ្សាយ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ថា ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២១ ខែឧសភា មានគម្រោងដកខ្លួន ចេញពីសន្ធិសញ្ញា « Open Skies» ជាមួយរុស្ស៉ី និងប្រទេសជាង៣០ផ្សេងទៀត ដែលជាកតិកាលើការគ្រប់គ្រងអាវុធលើកទី៣។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងទៅកាន់អ្នកកាសែត នៅឯសេតវិមានថា «រុស្ស៉ីមិនបានគោរពសន្ធិសញ្ញា «Open Skies»នោះទេ ។ ដូច្នេះយើងនឹងដកខ្លួនចេញពីសន្ធិសញ្ញានេះ។
ស្របពេលប្រធានាធិបតីអាមេរិក ប្រកាសដកខ្លួនចេញពីសន្ធិសញ្ញា « Open Skies» នោះ ប្រទេសហត្ថលេខីទាំងអស់ បានសម្តែងការខកចិត្ដយ៉ាងខ្លាំង ហើយសុំឲ្យទីក្រុងវ៉ាស៊ីនតោន គួរតែ ពិចារណាឡើងវិញ។ ប៉ុន្ដែរុស្ស៉ី មិនបានធ្វើការអត្ថាធិប្បាយជុំវិញបញ្ហានេះទេ ដោយគ្រាន់តែអះអាងថា ការប្រកាសរបស់សហរដ្ឋអាមេរិក មិនមានលក្ខណ:គ្រប់គ្រាន់។ ទោះជាយ៉ាងណា ការដកខ្លួនចេញពីសន្ធិសញ្ញានេះជាផ្លូវការ អាមេរិកនឹងត្រូវចំណាយពេល៦ខែ។
សន្ធិសញ្ញា Open Skies នេះត្រូវបានបង្កើតឡើង កាលពីអំឡុងឆ្នាំ២០០២ តែបើគិតមកដល់ពេលនេះ មានអាយុកាល១៨ឆ្នាំហើយ។ រីឯគោលបំណង នៃសន្ធិសញ្ញានេះ អាចអនុញ្ញាតឲ្យយោធាប្រទេសមួយ អាចបញ្ជូនយន្តហោះអង្កេតការណ៍ទៅធ្វើប្រតិបត្តិការ នៅលើដែនអាកាសប្រទេសជាហត្ថលេខីជារៀងៗរាល់ឆ្នាំ ដោយអាចអង្កេតមើល ប្រមូលទិន្នន័យ ផ្តិតយករូបភាពផ្សេងៗ នៃមូលដ្ឋាន និងសកម្មភាពយោធារបស់ប្រទេសទាំងនោះ។ សន្ធិសញ្ញានេះ អាចជួយឲ្យប្រទេសជាហត្ថលេខីដឹងពីកម្លាំងយោធាគ្នាទៅវិញទៅមក ហើយកាត់បន្ថយនូវភាពតានតឹងខាងយោធាផងដែរ៕ ប្រែសម្រួលដោយ Nuon