ភ្លៀងបានធ្លាក់មកយ៉ាងខ្លាំង ធ្វើឲ្យជន់លិចទំនប់ទឹកចំនួន២ នៅក្នុងរដ្ឋមីឈីហ្គេន (Michigan) កាលពីថ្ងៃទី២១ ខែឧសភា ហើយអាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋ រាប់ពាន់នាក់ ទៅរកទីមានសុវត្ថិភាព ប៉ុន្ដែគ្រោះធម្មជាតិនេះ មិនបានបណ្ដាលឲ្យមនុស្សណាម្នាក់ រងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
លោក Gretchen Whitmer អភិបាលរដ្ឋ Michigan បានប្រកាសអាសន្ន នៅក្នុងតំបន់ Midland County ជាទីមានបណ្ដាញទំនប់ទឹក នៅក្នុងក្រុង Edenville និង Sanford ។ រីឯភ្នាក់ងារព្យាករណ៍អាកាសធាតុជាតិអាមេរិក ក៏បានព្រមានពីការគំរាមកំហែងដល់អាយុជីវិត ដោយសារទឹកជំនន់ផងដែរ។ ជាមួយគ្នានេះ លោកអភិបាលរដ្ឋ ក៏បានជំរុញឲ្យប្រជាពលរដ្ឋ នៅក្នុងតំបន់នោះ ចាកចេញជាបន្ទាប់ ដើម្បីទៅរកទីទួលមានសុវត្ថិភាព។
លោកអភិបាលរដ្ឋ Michigan បានឲ្យដឹងថា តំបន់ទីក្រុង Midland នេះ មានប្រជាពលរដ្ឋ ចំនួន៤២ ០០០នាក់។ ប៉ុន្ដែនៅពេលនេះ ទឹកជំនន់បានជន់ឡើង រហូតដល់កម្ពស់៣ម៉ែត្រ។ នេះជាកម្រិតទឹកជំនន់ មានកម្រិតខ្ពស់បំផុត នៅក្នុងប្រវត្ដិសាស្រ្ដ។
ដោយឡែកសាលាក្រុង បានសរសេរ នៅលើគេហទំព័ររបស់ខ្លួនថា ទឹកជំនន់នេះ បានជំរុញឲ្យមានការជម្លៀសប្រជាពលរដ្ឋ ចំនួន១១ ០០០នាក់។ ប៉ុន្ដែគ្រោះធម្មជាតិនេះ មិនបានបង្កឲ្យមនុស្សណាម្នាក់ស្លាប់នោះឡើយ។ រីឯអ្នកស្រុកក៏ត្រូវបានអាជ្ញាធរជំរុញឲ្យមានការជម្លៀសជាបន្ទាន់ ដើម្បីរក្សាសុវត្ថិភាពដល់អាយុជីវិត។ ទឹកជំនន់នេះបានជន់លិចពីទន្លេ Tittabawassee ដោយហូរកាត់តាមទីក្រុង Midland ដែលមានកម្ពស់ទឹកជាង១០ម៉ែត្រ។ នេះជាកម្ពស់ទឹកជន់ឡើងខ្ពស់បំផុត ជាងកំណត់ត្រា កាលពីក្នុងអំឡុងឆ្នាំ១៩៨៦៕ ប្រែសម្រួលដោយ Nuon