ភ្នំពេញ៖ ជនសង្ស័យ ២នាក់ វាយប្លន់យកម៉ូតូម៉ាកនិច ១គ្រឿង បានសម្រេចដោយសុវត្ថិភាព ខណ:យុវជនរងគ្រោះកំពុងជិះលេងនៅម្តុំសួនវត្តបទុម ដែលស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។
ជនរងគ្រោះបានឲ្យដឹងថា ម៉ូតូដែលត្រូវជនសង្ស័យប្លន់យកទៅគឺម៉ាក និច ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខព្រៃវែង 1O-3989 ។
តាមការរៀបរាប់របស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់នឹងមិត្តភក្តី ៧ ទៅ ៨នាក់ទៀត បាននាំគ្នាជិះម៉ូតូលេងនៅម្តុំសួនវត្តបទុម ខណ:ពេលមកដល់កន្លែងកើតហេតុ ក៏មានជនសង្ស័យ ២នាក់ ជិះម៉ូតូ ១គ្រឿង មកសួនាំ ហើយភ្លាមៗនោះ រូបគេបម្រុងនឹងជិះម៉ូតូរត់គេច តែត្រូវជនសង្ស័យទាញដៃចង្កូតម៉ូតូឲ្យដួល ហើយមិត្តភ័ក្រ ក៏នាំគ្នារត់ចែកជើងគ្នាអស់ធ្វើឲ្យរូបគេភ័យពេក ក៏រត់គេចខ្លួនដែរ ចំណែកម៉ូតូក៏ត្រូវជនសង្ស័យយកទៅបាត់ស្រមោលដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ខណ:ពេលទៅដល់ បែជាសមត្ថកិច្ចប៉ុស្តិ៍និយាយថា បើមិនប្រញាប់ទេ ចាំស្អែកម៉ោង៨ព្រឹក ចាំមកប្តឹងក៏បាន៕ ដោយ៖ សាម