ករណីឆ្លងថ្មីលើបុរសជនជាតិខ្មែរ ១នាក់ក្នុងចំណោមអ្នកដំណើរ ៦៣នាក់ ដែលបានបន្តជើងហោះហើរពីប្រទេសកូរ៉េ មកកម្ពុជា
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ (Covid-19) ដែលជាករណីថ្មី កើតលើបុរសជនជាតិខ្មែរម្នាក់ ក្រោយពីត្រឡប់មកពីប្រទេសហ្វីលីពីន និងបន្តជើងហោះហើរពីសាធារណរដ្ឋកូរ៉េ បានមកដល់កម្ពុជានៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។ នេះបើតាមការជូនដំណឹងរបស់ក្រសូងសុខាភិបាល នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។
នៅវេលា ម៉ោង ១៨:០០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លទ្ធផលតេស្តសំណាកអ្នកដំណើរទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថាមានអ្នកជំងឺវីរុសកូវីដ១៩ (Covid-19) ជាបុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានទីលំនៅនៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។
ប្រុសរូបនេះជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសហ្វីលីពីន បន្តជើងហោះហើរពីសាធារណរដ្ឋកូរ៉េ បានមកដល់កម្ពុជានៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២២:០០នាទី។
ក្នុងនោះ អ្នកដំណើរសរុបចូលកម្ពុជាមានចំនួន ៦៣នាក់ (ស្រី ១៤នាក់ និងប្រុស ៤៩ នាក់) ដែលមានជនជាតិកូរ៉េ ២៣នាក់ (ស្រី 3 នាក់) បុរសជនជាតិប៊ែលហ្សិក ១នាក់ បុរសជនជាតិតៃវ៉ាន់ ១នាក់ បុរសជនជាតិហូឡង់ ១នាក់ ជនជាតិជប៉ុន ៣នាក់ (ស្រី ១នាក់) និងជនជាតិខ្មែរ ៣៤នាក់ (ស្រី ១០នាក់) ដោយមានការត្រួតពិនិត្យសុខភាពពីក្រុមគ្រូពេទ្យ និងបានដាក់ឱ្យនៅរង់ចាំកន្លែងធ្វើចត្តាឡីស័ក នៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅពេលមកដល់រាជធានីភ្នំពេញភ្លាម។
ជាមួយគ្នានោះ ក្រុមគ្រូពេទ្យបានយកវត្ថុសំណាកទៅធ្វើវិភាគទាំងអស់ ដែលជាលទ្ធផលបង្ហាញថា មានវិជ្ជមានវីរុសកូវីដ១៩ លើបុរសជនជាតិខ្មែរម្នាក់ខាងលើ។
បន្ទាប់ពីដឹងលទ្ធផលនេះ ក្រសួងបានបញ្ជូនបុរសរូបនេះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រួចហើយ។ ដោយឡែកអ្នកដំណើរទាំង ៦២នាក់ទៀត ត្រូវបានធ្វើចត្តឡីស័កចំនួន ១៤ថ្ងៃនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដើម្បីតាមដានសុខភាពតាមវិធានការសុខាភិបាលជាចាំបាច់។
សូមជម្រាបថា ជំងឺកូវីដ១៩ (Covid-19) បានកើតមាននៅកម្ពុជាសរុប ១២៣នាក់ ដែលមានស្រ្តីចំនួន ៣៨នាក់ និងបុរស ៨៤នាក់។ ក្នុងនោះ កម្ពុជាបានព្យាបាលជាសះស្បើយចំនួន ១២២នាក់ រួមមាន ជនជាតិខ្មែរ ៥២នាក់, ចិន ៣នាក់, អង់គ្លេស ៥នាក់, បារាំង ៤០នាក់, ម៉ាឡេស៊ី ១៣នាក់, ប៊ែលហ្សិក ១នាក់, អាមេរិកាំង ២នាក់, កាណាដា ២នាក់, វៀតណាម ៣នាក់ និងជនជាតិឥណ្ឌូនេស៊ី ២នាក់ គិតចាប់ពីខែមករា មកដល់បច្ចុប្បន្ននេះ៕