យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា មានករណីវិជ្ជមានវីរុសកូវីដ ១៩ ថ្មី ០១នាក់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។
លទ្ធផលតេស្តសំណាកអ្នកដំណើរទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ត្រឹមម៉ោង ១៨និង០០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ ១៩ ចំនួន ០១នាក់ ជាបុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានទីលំនៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។
បុរសរូបនេះជាអ្នកដំណើរដែលវិលត្រឡប់មកពីប្រទេសហ្វីលីពីន បន្តជើងហោះហើរពីសាធារណរដ្ឋកូរ៉េ បានមកដល់កម្ពុជានៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២២និង០០នាទីយប់ ដែលរួមមានអ្នកដំណើរសរុបចូលមកកម្ពុជាចំនួន ៦៣នាក់ ផ្សេងទៀត។
បច្ចុប្បន្នបុរសខាងលើកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រួចហើយ។ ដោយឡែកអ្នកដំណើរទាំង ៦២នាក់ ទៀតត្រូវបន្តធ្វើចត្តាឡឺស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដើម្បីតាមដានសុខភាពតាមវិធានការសុខាភិបាលជាចាំបាច់៕ ដោយ ៖ សុង យូ