យន្តហោះចម្បាំងដ៏ទំនើបបំផុតរបស់អាមេរិក F-35 បានជួបគ្រោះថ្នាក់ ធ្លាក់នៅរដ្ឋ Florida សហរដ្ឋអាមេរិក ក្នុងពេលហោះហើរហ្វឹកហាត់ជាប្រចាំរបស់ខ្លួន។ នេះជាករណីគ្រោះថ្នាក់យន្តហោះទី២ នៅទីតាំងទាហានអាកាស Eglin ។
យន្តហោះចម្បាំង F-35 Joint Strike Fighter មកពីក្រុមយន្តហោះចម្បាំងលេខ៥៨ កំពុងតែហោះហើរហ្វឹកហាត់ នៅទីតាំងទាហានអាកាស Eglin AFB ស្ថិតនៅភាគខាងលិច Florida សហរដ្ឋអាមេរិក។ ប៉ុន្ដែជាភពសំណាងអាកាសយានិកអាមេរិក បានរួចផុតពីសេចក្តីស្លាប់ ដោយសារបាញ់ឆត្រចេញទាន់ពេលវេលា ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើ បានកើតឡើង នៅវេលាម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី២០ ខែឧសភា (ម៉ោងក្នុងតំបន់) ហើយយន្តហោះ F-35 បានរងការខូចខាតទាំងស្រុង ។
នេះជាករណីគ្រោះថ្នាក់យន្តហោះចម្បាំងទីពីរហើយ នៅទីតាំងទាហានអាកាស Eglin ក្នុងរយៈពេលមិនដល់១សប្តាហ៍ផង។ កាលពីថ្ងៃទី១៥ ខែឧសភា យន្តហោះចម្បាំង F-22 Raptor ក៏បានជួបគ្រោះថ្នាក់ធ្លាក់ ខណ:កំពុងហោះហើរហ្វឹកហាត់៕ ប្រែសម្រួលដោយ៖MEO