រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo កាលពីថ្ងៃទី២០ ខែឧសភា បានប្រកាសថា អាមេរិកនឹងផ្តល់ជំនួយជាម៉ាស៊ីនដកដង្ហើម ចំនួន២០០គ្រឿង ជួយដល់រុស្ស៊ី ដើម្បីព្យាបាលដល់អ្នកជំងឺកូវីដ១៩។ កន្លងមក រុស្ស៊ីបានជួយដល់អាមេរិក តែពេលនេះ អាមេរិកក៏បានជួយដល់ប្រទេសរុស្ស៊ីវិញ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។
នៅលើបណ្ដាញសង្គម Twitter រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Pompeo បានបង្ហាញរូបភាពយន្តហោះយោធាអាមេរិក ដឹកកេសម៉ាស៊ីនជំនួយដង្ហើម មានបិទស្លាក USAID ផងដែរ។ លោក Mike Pompeo បានបញ្ជាក់ថា ពលរដ្ឋអាមេរិកបានជួយផ្ដល់ម៉ាស៊ីនជំនួយដង្ហើម២០០គ្រឿង ដល់ប្រជាជនរុស្ស៊ី។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក បានសម្រេចផ្តល់ជំនួយជាម៉ាស៊ីនជំនួយដង្ហើម ចំនួន១៥០០០ ដល់ប្រទេសចំនួន៦០ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារកូវីដ១៩។ សូមបញ្ជាក់ផងដែរថា កាលពីខែមេសា កន្លងមកនេះ រុស្ស៊ី បានផ្តល់ជំនួយជាបរិក្ខារពេទ្យ ក្នុងនោះមានម៉ាស់ ម៉ាស៊ីនជំនួយដង្ហើមដល់អាមេរិកផងដែរ។
បច្ចុប្បន្ន អាមេរិក និងរុស្ស៊ី ជាប្រទេសដែលមានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេ នៅលើពិភពលោក ។ អាមេរិក មានអ្នកឆ្លងកើនឡើងជាង ១,៦លាននាក់ និងស្លាប់ជិត៩៥ពាន់នាក់ ។ ចំណែករុស្ស៊ី វិញ មានអ្នកឆ្លងជាង ៣សែននាក់ និងស្លាប់២៩០០នាក់៕ ប្រែសម្រួលដោយ៖MEO