Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម្ចាស់អាហារដ្ឋានមួយចំនួននៅភ្នំពេញ អះអាងបាន​ធ្វើអនាម័យ​ល្អ មុន​រដ្ឋាភិបាល​ណែនាំ​ទៅទៀត

ភ្នំពេញ៖ ទោះ​ជា​ស្ថានភាព​ឆ្លង​រាលដាល​ជំងឺកូវីដ ១៩ នៅកម្ពុជា ហាក់ធូរស្រាល មិន​មាន​ករណី​ឆ្លង​ថ្មី​រយៈពេល​ប្រមាណជាង ១ខែ មក​ហើយ​ក្តី ប៉ុន្តែក្តី​បារម្ភ​នៃ​ការ​ផ្ទុះ​ឆ្លង​រាតត្បាត​រលក​ទី ២ ក្នុង​សហគមន៍​ពលរដ្ឋ​ខ្មែរ នៅ​តែ​កើត​មានសម្រាប់​រដ្ឋាភិបាល និងអ្នក​ជំនាញ នាំ​ឲ្យ​ជារឿយៗ ការណែនាំ​ពី​ការ​រក្សា​អនាម័យ តែង​ត្រូវ​លើក​ឡើង​ជា​បន្ត​បន្ទាប់ ក្នុង​នោះអនាម័យ​នៅ​តាម​កន្លែង​មាន​ការ​ជួប​ជុំ ដូច​ជាភោជនីយដ្ឋាន អាហារដ្ឋាន​ជាដើម សុទ្ធតែ​ត្រូវពង្រឹង​ឲ្យ​បាន​ខ្លាំង​ជាងមុន។ 

ដោយ​សារ​ថ្មីៗ​នេះ ក្រសួង​សុខាភិបាល ពិសេស​រាជរដ្ឋាភិបាល បាន​ព្រមានថា​ចាត់​វិធានការ បិទអាជីវកម្ម​ចំពោះ​ភោជនីយដ្ឋាន អាហារដ្ឋាន​ណា​មួយ​ខ្វះ​អនាម័យ នាំ​ឲ្យ​ពលរដ្ឋបាន​បញ្ចេញ​មតិ​ស្រដៀង​គ្នា​ជុំ​វិញ​បញ្ហា​នេះ ប៉ុន្តែ​ភាគច្រើនអះអាង ការ​រក្សា​អនាម័យ​ក្នុង​កន្លែង​លក់ដូរ​របស់​ពួកគាត់ គឺ​ធ្វើ​តាំង​ពី​ដំបូង មុន​ទាំង​កូវីដ​ផ្ទុះ​ឡើង និង​ការ​ព្រមាន​របស់​រដ្ឋាភិបាល​ទៅ​ទៀត។

អ្នកលក់កាហ្វេ និងបាយម្ហូប នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានលើកឡើងថា ពួកគាត់នៅតែរក្សាអនាម័យស្អាតល្អជានិច្ចនៅតាមទីតាំងរៀងៗខ្លួន ទោះបីមាន ឬមិនមានការការព្រមាន ពីសម្តេចតេជោនាយករដ្ឋមន្ត្រី​ក៏ដោយ។ ពួកគាត់ថា ការរក្សាអនាម័យមានប្រយោជន៍ច្រើនយ៉ាង ទី១ អាចការពារមេរោគ និងជំងឺផ្សេងៗ ជាពិសេសកូវីដ១៩ ទី២ អាចរក្សាភ្ញៀវដែលចូលមកម្តងហើយ ចង់ចូលមកម្តងទៀត។ 

លោក សារិទ្ធ ជាម្ចាស់ហាងកាហ្វេមួយកន្លែងនៅសង្កាត់ទឹកថ្លា បានឲ្យដឹងថា តាំងពីដំបូងកន្លែងលក់ដូររបស់លោកតែងរក្សាអនាម័យស្អាតជាប់ជានិច្ច ដើម្បីទាក់ទាញភ្ញៀវ។ ក្រោយមក នៅពេលមានកូវីដ១៩ លោកបានបន្ថែមទឹកអាល់កុលលាងសម្អាតដៃ ដាក់សម្រាប់អតិថិជន ដែលចូលមកអាចប្រើប្រាស់បានក្នុងការចូលរួមការពារកុំឲ្យមានការរីករាលដាលជំងឺកូវីដ១៩ផងដែរ។

ស្រដៀងគ្នានេះ ស្ត្រីជាអ្នកលក់បាយម្ហូបនៅសង្កាត់ទឹកថ្លា បានឲ្យដឹងថា កន្លែងលក់ដូររបស់គាត់តែងធ្វើអនាម័យ ជាប់ជានិច្ចតាំងពីបើកលក់ដំបូង។ ស្ត្រីវ័យប្រមាណជាង៤០ឆ្នាំ បញ្ជាក់ថា ជាធម្មតា បំពង់ដាក់ស្លាបព្រាគឺត្រាំទឹកក្តៅដាំពុះ ចំណែកតុ កៅអី គឺដាក់ទឹកសាប៊ូ ប្រើក្រណាត់កន្សែងជូតជារៀងរាល់ម៉ោង។ 

រីឯលោក ផែន សូវ៉ាន់ ជាពលរដ្ឋម្នាក់នៅរាជធានីភ្នំពេញ បានឲ្យដឹងថា លោកគាំទ្រចំពោះវិធានការរបស់រាជរដ្ឋាភិបាល ព្រោះនេះជាវិធីល្អមួយដើម្បីក្រើនរំឭកដល់ម្ចាស់ហាងលក់ដូរម្ហូបអាហារផ្សេងៗ ភ្ញាក់រឭករក្សាអនាម័យជាប្រចាំ កុំឲ្យមានមេរោគកូវីដ១៩កើតឡើងជាថ្មីម្តងទៀតនៅកម្ពុជា។ លោក សូវ៉ាន់ថា ទោះបីពេលនេះស្រុកយើងបានស្ងប់ស្ងាត់កូវីដ១៩ បន្តិច ប៉ុន្តែ ដើម្បីបង្ការនិងទប់ស្កាត់ ​ម្ចាស់ហាងឬប្រជាពលរដ្ឋខ្លួនឯង ដែលទៅទទួលសេវាកម្មផ្សេងៗ ត្រូវរក្សាអនាម័យខ្លួនឯង ពេលទៅមកទីណា គួរតែមានពាក់ម៉ាស់ មានអាល់កុល ឬជែលលាងសម្អាតដៃដាក់ជាប់តាមខ្លួនជានិច្ច។

យ៉ាងណា ទោះ​ជា​មាន​ការ​លើក​ឡើង​យ៉ាង​ដូច្នេះ​ក្តី ប៉ុន្តែ​ជាក់​ស្តែង អាហារ​ដ្ឋាន​តូច​តាច​មួយ​ចំនួន ក្នុង​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ត្រូវ​គេលើក​​ឡើង​ជា​រឿយៗ ពី​កង្វះ​អនាម័យ ដែល​ជាកត្តា​ចម្បង​នាំ​ឲ្យ​រលក​ទី២ នៃ​ជំងឺកូវីដ ១៩ អាចផ្ទុះ​ឡើង​ជា​ចង្កោម​ក្នុង​សហគមន៍​ពលរដ្ឋ​ខ្មែរ​គ្រប់​ពេល​វេលា៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9237735