មន្ត្រីចូលនិវត្តន៍ក្រសួងការបរទេសអាមេរិក ដាស់តឿនឥណ្ឌា ឲ្យប្រយ័ត្នចំពោះការឈ្លានពានព្រំដែនពីចិន
សហរដ្ឋអាមេរិក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានចោទប្រកាន់ចិនថា ជួញការប៉ះទង្គិចនៅព្រំដែនជាមួយប្រទេសឥណ្ឌា ហើយថា ចិនកំពុងតែព្យាយាមធ្វើឲ្យស្ថានការប្រាស់ចាកពីសភាពដើម ។ អាមេរិកក៏បានលើកទឹកចិត្តឲ្យទីក្រុងញូវដេលី ប្រឆាំងតស៊ូកុំនៅស្ងៀមផងដែរ ។
យោងតាមការផ្សាយរបស់ប្រភព CNA បញ្ជាក់ថា លោកស្រី Alice Wells មន្ត្រីការទូតកំពូលអាមេរិកប្រចាំនៅអាស៊ីខាងត្បូងបានគូសវាស់ថា មានភាពស្របគ្នារវាងកំណើនជម្លោះនៅក្នុងតំបន់ភ្នំហិមព្វាន ហើយនិងជម្លោះនៅសមុទ្រចិនខាងត្បូងរបស់ទីក្រុងប៉េកាំងដែលរ៉ាំរ៉ៃយូរឆ្នាំមកនោះ ។
លោកស្រី Alice Wells បានថ្លែងប្រាប់ក្រុមប្រឹក្សាអាត្លង់ទិកថា «ប្រសិនបើអ្នកក្រឡេកមើលទៅសមុទ្រចិនខាងត្បូង មានវិធីសាស្ត្រនៅទីនេះអំពីប្រតិបត្តិការរបស់ចិន ហើយនោះ គឺជាការឈ្លានពានឥតឈប់ឈរ, ការប៉ុនប៉ងផ្លាស់ប្តូរបទដ្ឋានដើម្បីកែប្រែនូវអ្វីដែលជាស្ថានភាពដើមនៅទីនោះ»។
លោកស្រីបន្តថា «វាត្រូវតែមានការតស៊ូ» ។ លោកស្រីបានថ្លែងក្នុងនាមលោកស្រីចូលនិវត្តន៍ពីការងារនៅក្រសួងការបរទេសអាមេរិក ។
គួរបញ្ជាក់ថា កងទ័ពឥណ្ឌា និងចិន បានប្រឈមមុខដាក់គ្នា ក៏ដូចជាការប៉ះទង្គិចកម្រិតស្រាលផងដែរ ស្ថិតនៅតាមបន្ទាត់ព្រំដែន។ ការប្រឈមមុខនោះ ក៏បានកើតឡើងនៅតំបន់ Nathu La Pass ដែលភ្ជាប់ដែនដីរដ្ឋ Sikkim របស់ឥណ្ឌា ហើយនិងដែនដីតៃប៉ិ ។
ប្រទេសដែលមានប្រជាជនច្រើនជាងគេទំាងពីរនៅលើពិភពលោក បានទាស់ទែងខ្វែងគំនិតគ្នានៅតាមព្រំដែន អូសអន្លាយពេលយូរឆ្នាំមិនព្រមចប់។ ពួកគេធ្លាប់បានប្រយុទ្ធគ្នានៅក្នុងសង្គ្រាមរយៈពេលខ្លីមួយកាលពីឆ្នាំ ១៩៦២ផងដែរ ។ សង្គ្រាមនៅគ្រានោះបានធ្វើឲ្យអស់ក្តីសង្ឃឹមរបស់នាយករដ្ឋមន្រ្តីទីមួយឥណ្ឌា គឺលោក Jawaharlal Nehru ដែលបំណងចងសាមគ្គីភាពរវាងមហាអំណាចតំបន់អាស៊ីទាំងពីរនោះ ។
ចិននៅតែទាមទារទឹកដីប្រហែល ៩០ ០០០ គីឡូម៉ែត្រក្រឡា ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ឥណ្ឌា ។
លោកស្រី Wells ត្រូវបានស្រង់សម្តីចុះផ្សាយថា សហរដ្ឋអាមេរិកគាំទ្រការគ្រប់គ្រងរបស់ឥណ្ឌា ហើយជំរុញឲ្យទីក្រុងញូវដេលី និងទីក្រុងប៉េកាំងដោះស្រាយបញ្ហា តាមរយៈផ្លូវការទូត ។
សហរដ្ឋអាមេរិកប្រហែល២ទសវត្សរ៍មកនេះ បានកសាងមិត្តភាពជិតស្និទ្ធជាមួយឥណ្ឌា ហើយក៏បានបង្កើនទំនាក់ទំនងស៊ីជម្រៅជាមួយចិនផងដែរ នៅលើពហុវិស័យ ៕ ប្រែសម្រួលដោយ៖ thach yat