Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យោធាវេណេហ្ស៊ុយអេឡាអមការពារនាវាអ៊ីរ៉ង់ដឹកជញ្ជូនប្រេងឥន្ធនៈ

លោក Vladimir Padrino រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃប្រទេសវេណេហ្ស៊ុយអេឡា  បានបង្ហើបឲ្យដឹង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ថា យោធារបស់ប្រទេសវេណេហ្ស៊ុយអេឡា នឹងអមការពារនាវាអ៊ីរ៉ង់ ដែលដឹកប្រេងយកទៅចែកចាយ នៅប្រទេសនេះ ពេលចូលដល់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុ នៃប្រទេសវេណេហ្ស៊ុយអេឡា ។

នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍រដ្ឋ លោក Padrino បានថ្លែងថា ការអមការពារនោះ ជាការស្វាគមន៍ដល់ពួកគេ និងអរគុណដល់ប្រជាជនអ៊ីរ៉ង់ ចំពោះសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនេះ ។ លោក Padrino បានថ្លែងផងដែរថា រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា បានទាក់ទងជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីរ៉ង់ លោកឧត្តមសេនីយ៍ Amir Hatami ផងដែរ។

ការដាក់​ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើប្រទេសវេណេហ្ស៊ុយអេឡា​ បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ ។ កាលពីខែមករា ឆ្នាំ២០២០ ប្រទេសនេះ ត្រូវបាន​បង្ខំឱ្យបិទរោងចក្រចម្រាញ់ប្រេងចុងក្រោយរបស់ខ្លួន ។ បើទោះជាការពិតដែលថា វេណេហ្ស៊ុយអេឡា ជាប្រទេសនាំចេញប្រេង​ក៏ដោយ ប៉ុន្តែប្រទេសនេះ​កំពុងជួបប្រទះនឹងកង្វះខាតប្រេងយ៉ាងខ្លាំង ក៏ព្រោះ​តែទណ្ឌកម្មរបស់អាមេរិក។

មន្រ្តីអាមេរិកម្នាក់ បាននិយាយថា គេមាន “ភាពប្រាកដប្រជាខ្ពស់” ដែលថា ប្រទេសវេណេហ្ស៊ុយអេឡា កំពុងចំណាយមាសទៅឲ្យអ៊ីរ៉ង់ ជាថ្នូរនឹងការទទួលបានប្រេងឥន្ធនៈ។

កាសែតរ៉យទ័របានផ្សាយថា មន្ត្រីអាមេរិករូបនេះ​បានបញ្ជាក់ថា “វាមិនត្រឹមតែ មិនទទួលបានការស្វាគមន៍ពីសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ថែមទាំងមិនទទួលបានការស្វាគមន៍ នៅក្នុងតំបន់ទាំងមូល ហើយយើងកំពុងពិនិត្យមើលវិធានការដែលអាចអនុវត្តបាន” ។

មន្ត្រីរូបនេះមិនបានបញ្ជាក់ពីវិធានការណាមួយដែលត្រូវបានពិចារណានោះទេ ប៉ុន្តែបាននិយាយថា ជម្រើសទាំងអស់នឹងត្រូវបញ្ជូន​ទៅឲ្យលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បី​សម្រេច។

គួរបញ្ជាក់ថា កាលពីថ្ងៃទី​១៥ ខែឧសភា ឆ្នាំ២០២០ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ បានផ្សាយព្រមានដល់សហរដ្ឋអាមេរិក ប្រឆាំងនឹងការចាត់វិធានការទៅលើនាវាដឹកប្រេងអ៊ីរ៉ង់ ដែលកំពុង​តែធ្វើនាវាចរណ៍ទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា។

សារព័ត៌មាន Nour របស់អ៊ីរ៉ង់បានផ្សាយថា “ ប្រសិនបើសហរដ្ឋអាមេរិក មានចរិតដូចចោរប្លន់ បង្កបញ្ហាអសន្តិសុខ នៅតាមផ្លូវទឹកអន្តរជាតិនោះ វាច្បាស់ណាស់ថា នឹងមានហានិភ័យដ៏គ្រោះថ្នាក់មួយកើតឡើង​ ហើយវាពិតណាស់ថា នាវាដឹកប្រេងទាំងនោះ ធ្វើដំណើរទៅ​ដោយមិនមានការប្រុងប្រយ័ត្ននោះឡើយ” ។ កាសែតនេះ បានដកស្រង់​​ព័ត៌មាន​ដែលថា នាវាចម្បាំងអាមេរិក​​បាននិងកំពុងស្ថិតនៅលើដងផ្លូវ ​ដើម្បីស្ទាក់​ចាប់នាវាដឹកប្រេង​អ៊ីរ៉ង់ ​នៅ​តំបន់​សមុទ្រការ៉ាបៀន ។ 

លោក Abbas Mousavi អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃទី១៧ ខែឧសភា បានព្រមានដែរថា “សហរដ្ឋអាមេរិកខ្លួនឯងនឹងត្រូវទទួលរងនូវផលប៉ះពាល់ កើតឡើងពីវិធានការ ដែលមិនអាចនឹកស្មានដល់” ចំពោះការប្រឆាំងនឹងនាវាដឹកប្រេងឥន្ធនៈអ៊ីរ៉ង់ ឆ្ពោះទៅកាន់វេណេហ្ស៊ុយអេឡា។

លោកបានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅក្រុងតេអេរ៉ង់ ថា“ ប្រសិនបើអាមេរិកចាត់វិធានការណាមួយប្រឆាំងនឹងការធ្វើនាវាចរណ៍ ដោយសេរី និងស្របច្បាប់របស់នាវាអ៊ីរ៉ង់នោះ អាមេរិក នឹងប្រឈមមុខ​ការឆ្លើយតបដ៏ម៉ឺងម៉ាត់ពីយើង​វិញយ៉ាងសមរម្យបំផុត” ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9237092