កូរ៉េខាងជើង បានអំពាវនាវឲ្យលុបទណ្ឌកម្មសេដ្ឋកិច្ច ក្នុងពេលដែលពិភពលោកកំពុងរងការវាយលុកពីជំងឺឆ្លងកូវីដ១៩ ។
សារព័ត៌មានក្យូដូ បានផ្សាយថា នៅក្នុងរបាយការណ៍ផ្ញើទៅកាន់អង្គការសុខភាពពិភពលោក កាលពីថ្ងៃទី២០ ខែឧសភា កូរ៉េខាងជើងបានអំពាវដល់សហគមន៍អន្តរជាតិឲ្យលុបចោលទណ្ឌកម្មសេដ្ឋកិច្ចដល់ប្រទេសនះ ដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។
ទីក្រុងព្យុងយ៉ាង ក៏បានថ្កោលទោសអាមេរិកថា មិនមានសកម្មភាពសហការគ្នា ដើម្បីទប់ស្កាត់កូវីដ១៩ បើទោះជាមានការព្រមានពី WHO ក្តី។ នៅពេលនេះ អាមេរិក បានព្យាយាមទម្លាក់ការទទួលខុសត្រូវ ទៅលើWHO និងចិន ទៀតផង។
នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនេះដែរ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង បានប្រកាសទៅកាន់ក្រុមអ្នកសារព័ត៌មានថា កូរ៉េខាងជើង បានផ្អាករាល់សកម្មភាពពិភាក្សាជាមួយអាមេរិក រហូតដល់ការបោះឆ្នោតរួចរាល់ ហើយអាមេរិកមានរដ្ឋាភិបាលថ្មី ទើបបន្តពិភាក្សា។
សារព័ត៌មានរុស្ស៊ី Interfax បានដកស្រង់សម្តី ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចំានៅកូរ៉េខាងជើង លោក Alexander Matsegora បញ្ជាក់ថា «អំពីកិច្ចពិភាក្សា ជាមួយទីក្រុងវ៉ាស៊ីនតោន នាពេលកន្លងមក កូរ៉េខាងជើង ចាត់ទុកជារឿងអត់ន័យ ហើយនឹងគិតដល់កិច្ចពិភាក្សាថ្មី ក្រោយការបោះឆ្នោតអាមេរិក»។
ឯកអគ្គរដ្ឋទូតរុស្ស៊ី ក៏បានលើកឡើងផងដែរថា រុស្ស៊ីនឹងបន្តសកម្មភាព នាំចេញប្រេងទៅកាន់កូរ៉េខាងជើង ជាបន្តក្រោយការផ្អាកជាច្រើនខែ ដោយសារកូវីដ-១៩។ ជាមួយគ្នានេះ រុស្ស៊ីក៏បានឡើងគម្រោងផ្តល់ជំនួយ ស្រូវសាលីឲ្យទៅកូរ៉េខាងជើង មុនពេលប្រទេសនេះប្រមូលផលស្រូវ នៅចុងខែមិថុនា ខាងមុខ។ ការផ្តល់ជំនួយរបស់រុស្ស៊ី គឺដោយសារតែកូរ៉េខាងជើង ជួបគ្រោះរាំងស្ងួត ហើយប្រឈមនឹងការបិទប្រទេសដោយកូវីដ-១៩ ។ កាលពីពេលកន្លងមកថ្មីៗ រុស្ស៊ីក៏បានផ្តល់ជំនួយ ស្រូវសាលី២៥ពាន់តោនផងដែរ ដល់កូរ៉េខាងជើង៕ប្រែសម្រួលដោយ៖MEO