Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រឿងដ៏គួរឱ្យខ្លាចអំពីលោកគ្រូគណិត

ខ្ញុំនៅចាំយ៉ាងច្បាស់ទោះជាវាបានកន្លងទៅច្រើនឆ្នាំហើយក្ដីតែវានៅតែជាអតីតកាលលងអន្ទោលប្រាណខ្ញុំឱ្យព្រឺស្បែកជានិច្ចកាលណានឹកដល់រឿងនេះ។

ខ្ញុំខានរំលឹករឿងនេះជាយូរមកហើយតែរាត្រីនេះខ្ញុំនឹងរ៉ាយរ៉ាប់រឿងពិតនេះឱ្យប្រិយមិត្តរាត្រីរន្ធត់បានជ្រាប។

កាលនោះក្នុងឆ្នាំសិក្សា2011-2012 ខ្ញុំឈ្មោះផានិតជាសិស្សថ្នាក់ទី៨នៃអនុវិទ្យាល័យមួយក្នុងខេត្ត។ខ្ញុំក៏ដូចជាសិស្សទូទៅដែរគឺមិនសូវជាចូលចិត្តនិងយកចិត្តទុកដាក់រៀនប៉ុន្មានទេប៉ុន្តែមិនដែលអវត្តមានមួយថ្ងៃឡើយគ្រាន់តែយើងយកពេលរៀនមកជជែកគ្នាលេងឥតប្រយោជន៍។ 

កាលនោះយើងស្អប់គ្រូគណិតជាងគេព្រោះគាត់កាចវ៉ៃនិងជេរសិស្សយ៉ាងអាក្រក់។គាត់ហាក់ដូចជាគ្មានថ្ងៃណាដែលសប្បាយចិត្តសោះ។

តែក៏ជាសំណាងល្អដែលគាត់ជាគ្រូបង្រៀនដ៏គម្រក់ក្រៅពីអត្តចរិតអសីលធម៌គាត់ក៏មិនសូវមកបង្រៀនប៉ុន្មានទេ។មានសប្ដាហ៍ខ្លះគាត់មិនមកបង្រៀនសោះក៏មាន។

ព្រោះគាត់មានមុខរបរមួយទៀតគឺលក់ជ្រូកខ្វៃនិងសាច់កាប់ដែលជាជំនួញដ៏មមាញឹករបស់គាត់ហើយគាត់ផ្ដោតទៅលើជំនួញនេះជាងការបង្រៀនសិស្សដែលសូម្បីតែពួកសិស្សពូកែសំណូមពរឱ្យបើកបង្រៀនគួរក៏គាត់មិនបង្រៀនផងដូច្នេះហើយទើបពួកយើងត្រូវទៅរៀនជាមួយនឹងគ្រូអ្នកផ្សេងពួកយើងត្រូវទៅរៀនគួរជាមួយនឹងគ្រូអ្នកផ្សេង។

ពួកសិស្សគំរូនិងសិស្សពូកែមួយចំនួនដែលចូលចិត្តសន្សំរឿងទៅប្ដឹងនាយកអំពីអវត្តមានដ៏ហួសហេតុរបស់លោកគ្រូគណិត។ 

ប៉ុន្មានថ្ងៃក្រោយមកគាត់ក៏មកបង្រៀនជាប់លាប់ជាធម្មតាវិញប៉ុន្តែយើងត្រូវរងគ្រោះពីភាពកំណាចរបស់គាត់ច្រើនជាងមុន។

គាត់បានប្រឡងប្រចាំខែហើយដាក់លំហាត់ដ៏ពិបាកដែលសូម្បីតែសិស្សពូកែក៏គ្រវីក្បាលតែគ្មាននរណាហ៊ាននិយាយអ្វីឡើយព្រោះគាត់នឹងស្រែកគំហ៊កនិងដាក់ពិន័យសិស្សនោះជាមិនខាន។

ក្នុងអំឡុងពេលកំពុងប្រឡងគាត់អង្គុយនៅនឹងតុដោយមិននិយាយអ្វីសូម្បីតែមួយម៉ាត់តែក្នុងកែវភ្នែកក្រឡោតកំណាចឡើងក្រហមថ្លែរបស់គាត់បង្ហាញយ៉ាងច្បាស់ក្រឡែតពីសភាពកំពុងតែខឹងឆាបឆួលស្ទើរឆេះចេញពីខាងក្នុងមក។

ក្រោយប្រឡងហើយគ្រប់គ្នាក៏ចេញក្រៅដោយធូរទ្រូងទោះជាសឹងតែគ្រប់គ្នាបានច្បាស់ក្នុងចិត្តទៅហើយក្ដីថានឹងប្រឡងធ្លាក់ជាមិនខាន។

ល្ងាចថ្ងៃអាទិត្យខ្ញុំបានជិះកង់មកពីផ្ទះមិត្តភក្ដិបំណងត្រឡប់មកផ្ទះវិញតែក៏បានជួបលោកគ្រូគណិតដោយចៃដន្យនៅតាមផ្លូវ។គាត់បក់ដៃឱ្យឈប់ហើយក៏និយាយមកកាន់ខ្ញុំដោយសំឡេងស្មើថា,

«ម៉ោង6 ល្ងាចនេះមកផ្ទះលោកគ្រូ!»

ខ្ញុំក៏សួរទៅគាត់វិញថាទៅផ្ទះគាត់ធ្វើអ្វី? 

គាត់តបថាមកជួយកែក្រដាសកិច្ចការគ្រូ។

តែខ្ញុំក៏បដិសេធថាខ្ញុំមិនមែនជាសិស្សពូកែដូច្នេះមិនអាចជួយបានទេ។

គាត់ក៏តបវិញថាមិនអីទេមកជួយបូកពិន្ទុដាក់ពិន្ទុសរុបគ្រូជាអ្នកកែឱ្យ។

ថាហើយខ្ញុំក៏ជិះកង់មកផ្ទះវិញ។លុះម៉ោង6 ខ្ញុំក៏ជិះកង់ចេញមកបម្រុងទៅផ្ទះលោកគ្រូតាមការណាត់តែជិះដល់ពាក់កណ្ដាលផ្លូវក៏ឈប់កង់ដោយអារម្មណ៍មួយបានផុសឡើងក្នុងខួរក្បាល។ចុះបើលោកគ្រូមានបំណងអាក្រក់ណាមួយដាក់ខ្ញុំទៅតើខ្ញុំនឹងធ្វើយ៉ាងម៉េច?

ខ្ញុំគួរតែទៅជាមួយមិត្តណាម្នាក់។គិតហើយក៏ជិះកង់ទៅផ្ទះអាទីនដើម្បីបបួលវាទៅបានជាគ្នា។តែជិះកាត់ផ្ទះលោកគ្រូគាត់ក៏ហៅឱ្យចូលមក។ខ្ញុំស្រែកតបទៅថាខ្ញុំទៅបបួលអាទីនសិនគ្រាន់បានជាគ្នាតែគាត់ថាមិនបាច់ទេមកជួយគ្រូតែម្នាក់ឯងបានហើយ។ខ្ញុំក៏យល់ព្រមជិះចូលផ្ទះគាត់ទាំងអារម្មណ៍មិនសូវស្រួល។ម៉ោង6 ជាងមេឃចាប់ផ្ដើមងងឹតទៅហើយក្រឡេកមើលម្ដុំនេះក៏មិនមានផ្ទះនរណានៅជាប់ទៀតសងខាងសុទ្ធតែគុម្ពោធព្រៃនិងសំឡេងចង្រឹតយំ។

ខ្ញុំដើរចូលក្នុងផ្ទះតៀមឈើលាបពណ៌ឈាមជ្រូករបស់គាត់ហើយអង្គុយលើកៅអីឈើនិងតុមួយដែលមានក្រដាសកិច្ចការយ៉ាងច្រើន។ផ្ទះនេះដូចជាស្ងាត់ហើយតាមជញ្ជាំងបិទរូបថតមនុស្សចម្រុះជាច្រើននិងមានរូបឆ្អឹងសត្វព្រៃសត្វខ្លាសត្វជ្រូកព្រៃដុះចែនិងប្រើសជាដើម។គាត់ហាក់ដូចជានៅម្នាក់ឯងថ្វីបើអាយុខ្ទង់30 ជាងទៅហើយ។

ខ្ញុំសួរទៅគាត់ខណៈដែលបរិយាកាសដូចជាស្ងប់ស្ងាត់និងព្រឺព្រួច,

«លោកគ្រូនៅម្នាក់ឯងទេឬ?»

គាត់ងក់ក្បាលដោយមិនមើលមុខខ្ញុំភ្នែកផ្ដោតទៅលើក្រដាសកិច្ចការ។

មួយសន្ទុះក្រោយពីស្ងាត់ឈឹងគាត់ស្រាប់តែហក់មកច្របាច់កដៃខ្ញុំទាញកន្ត្រាក់មួយទំហឹងព្រមទាំងស្រែកគំហ៊កយ៉ាងកំណាចក្នុងទឹកមុខកំហឹងពុះឆេះឆួលថានរណាជាអ្នកទៅប្ដឹងនាយកថាគាត់មិនសូវមកបង្រៀន?

ខ្ញុំញ័រអស់ក្នុងខ្លួនដោយភិតភ័យតក់ស្លុតដូចកូនកណ្ដុរហើយតបដោយញ័រមាត់ថាខ្ញុំ… ខ្ញុំអត់ដឹងទេលោកគ្រូហើយដៃម្ខាងទៀតរបស់ខ្ញុំព្យាយាមបេះដៃដែលកំពុងច្របាច់ដ៏ខ្លាំងរបស់គាត់ចេញ។

គាត់ស្រែកសួរសំណួរដដែលម្ដងទៀតម្ដងនេះកន្ត្រាក់ដៃខ្ញុំមួយទំហឹងបោកទៅនឹងតុអារម្មណ៍ឈឺចាប់ក៏ផុសឆួលឡើងក្នុងបរិវេណពីដើមដៃដល់កដៃ។

ខ្ញុំយំនិងឆ្លើយដដែលថាខ្ញុំអត់ដឹងទេថានរណាជាអ្នកប្ដឹងលោកគ្រូ។

គាត់យកដៃម្ខាងទៀតមកចាប់បោចសក់ខ្ញុំមួយទំហឹងឡើងរបោចមួយដៃហើយទះខ្ញុំមួយកំភ្លៀងយ៉ាងដំណំរួចស្រែកសួរម្ដងទៀត។

មិនទាន់បានឆ្លើយជាលើកទី៣ផងគាត់អូសទាញខ្ញុំដោយប្រើកម្លាំងយ៉ាងកម្រោលខ្ញុំខំរើបម្រាស់ឡើងធ្លាក់ក្រដាសកិច្ចការរាត់រាយពេញផ្ទះហើយគាត់បន្តចាប់ទាញសក់ក្បាលខ្ញុំអូសទៅក្រោយ។

មកដល់មុខបន្ទប់មួយគាត់បើកទ្វារឈើខ្មៅបង្ហាញទីកន្លែងយ៉ាងគគ្រិចដែលពោរពេញដោយឈាមសាច់និងក្បាលជ្រូក។

គាត់ស្រែកគំរាមទៀតថាបើឯងមិនដឹងទេនោះឯងនឹងត្រូវអញកាប់ចិញ្ច្រាំដូចជាសត្វជ្រូកដ៏ល្ងីល្ងើ។

ខ្ញុំក៏ឆ្លើយទាំងញ័រដោយភ័យរន្ធត់ដើម្បីរួចជីវិតថាគឺក្រុមលីសានិងអាសុខាពួកសិស្សពូកែនិងចូលចិត្តរៀនជាអ្នកទៅប្ដឹងលោកគ្រូប្រាប់នាយកថាលោកគ្រូអត់ដែលមករៀន។

គាត់ស្រែកខ្លាំងៗទៀតទាំងក្នុងដៃម្ខាងកំពុងកាន់កាំបិតបាំងតោដ៏ធំនិងសស្ញាចចង្អុលមកជិតមុខរបស់ខ្ញុំថាអញមិនជឿនាយកថាសិស្សមួយថ្នាក់ជាអ្នកទៅប្ដឹង។

ខ្ញុំភ័យយ៉ាងខ្លាំងលើកដៃសំពះអង្វរគាត់ថាលោកគ្រូលែងខ្ញុំទៅខ្ញុំពិតជាអត់ដឹងអីពិតមែនខ្ញុំដឹងត្រឹមថាលីសានិងអាសុខាវាស្អប់លោកគ្រូជាងគេហើយជាអ្នកផ្ដួួចផ្ដើមឱ្យធ្វើរឿងនេះ។

លោកគ្រូហាក់ដូចជាមិនជឿសោះហើយបានលើកកាំបិតមកលើមុខខ្ញុំបម្រុងនឹងកាប់សម្លាប់បណ្ដាច់កឱ្យក្ស័យតៃហោងតែភ្លាមនោះស្រាប់តែមានសំឡេងស៉ឺផ្លេម៉ូតូនៅមុខផ្ទះ។មាននរណាមករកលោកគ្រូ។

គាត់ទម្លាក់កាំបិតចុះក្បែរក្បាលខ្ញុំរួចងើបឡើងហើយប្រញាប់ទាញទ្វារបិទចាក់សោរពៅក្រៅទុកឱ្យខ្ញុំជាប់ក្នុងបន្ទប់កាប់សាច់ជ្រូកនេះតែម្នាក់ឯង។

ខ្ញុំភ័យញ័រខ្លួនខំងើបឡើងថ្វីបើគ្មានសង្ឃឹមថានឹងចេញពីទីនេះឱ្យរួចជីវិតបានឡើយ។

មានបុរសម្នាក់បានមករកលោកគ្រូ។គាត់បានអញ្ជើញបុរសនោះឱ្យចូលអង្គុយក្នុងផ្ទះគាត់។ខ្ញុំមើលតាមប្រហោងតូចមួយលើទ្វារដែលធ្លុះ។

បុរសនោះបាននិយាយប្រាប់លោកគ្រូថាមានគេកំពុងសង្ស័យរឿងលោកគ្រូលួចបើកកាប់ជ្រូកដោយខ្លួនឯងគ្មានច្បាប់អនុញ្ញាត។ពួកគាត់ពិភាក្សាគ្នាបន្តហើយមើលទៅទឹកមុខលោកគ្រូហាក់កំពុងតែខឹងយ៉ាងខ្លាំង។

ខ្ញុំមិនដឹងធ្វើយ៉ាងណានឹងរួចជីវិតហើយខណៈដែលឃើញថាភ្ញៀវនោះបម្រុងទៅវិញខ្ញុំក៏គោះបុកទ្វារពីក្នុងដោយស្រែកថាជួយផងលោកគ្រូគាត់បម្រុងកាប់សម្លាប់ខ្ញុំ។

បុរសនោះហាក់ដូចជាភ្ញាក់ផ្អើលពេលឮសំឡេងអង្វររបស់ខ្ញុំតែភ្លាមនោះលោកគ្រូបានវ៉ៃបុរសនោះមួយទំហឹងបណ្ដាលឱ្យបែកឈាមតាមច្រមុះសន្លប់ភ្លាមៗ។

គាត់ក៏អូសបុរសនោះតម្រង់មកទីនេះ។

ខ្ញុំភ័យណាស់។

ច្បាស់ណាស់ជីវិតខ្ញុំពេលនេះត្រូវចប់ហើយ។

មិនដឹងធ្វើយ៉ាងណាខ្ញុំទាញកាំបិតបាំងតោដែលគាត់ទម្លាក់ចោលនោះកាន់ជាប់ក្នុងដៃ។ពេលគាត់បើកទ្វារភ្លាមខ្ញុំលើកដៃកាប់មួយទំហឹងកាំបិតដ៏មុតបានកាត់ផ្ដាច់ម្រាមជើងរបស់គាត់បណ្ដាលឱ្យបែកឈាមឆ្វាចហើយគាត់ស្រែកដួលដោយឈឺផ្សារ។ខ្ញុំប្រញាប់បើកទ្វាររត់តែគាត់ក៏ងើបមកតាមដេញចាប់ខ្ញុំ។

ទ្វារបានបិទខ្ញុំសម្លឹងទៅបង្អួចកញ្ចក់មិនគិតយូរក៏លោតបុកបង្អួចកញ្ចក់បែកប្រាវព្រមទាំងរបួសខ្លួនផង។តែពេលនេះអ្វីដែលត្រូវតែធ្វើគឺរត់ចេញឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន។

ខ្ញុំលោតចេញតាមបង្អួចរាងកាយមុតកញ្ចក់ឡើងសុះតែក៏ចេញមកបានហើយបន្តរត់រហូតដល់ផ្លូវធំដោយរត់លឿននិងភ័យពេកក៏ត្រូវរថយន្តពណ៌សមួយបុកមួយទំហឹងបណ្ដាលឱ្យខ្ទាតទៅម្ខាង។

ខ្ញុំរងការឈឺចាប់លើសលុបក៏សន្លប់បាត់ស្មារតី។

មិនដឹងថាសន្លប់ទៅយូរប៉ុណ្ណានោះទេតែពេលខ្ញុំបើកភ្នែកឡើងគឺកំពុងនៅក្នុងមន្ទីរពេទ្យដែលមានម៉ាក់នៅក្បែរ។ម៉ាក់យំមិនឈប់។

ឯម្ចាស់ឡានដែលបានបុកខ្ញុំនោះក៏នៅទីនេះដែរមើលមកខ្ញុំដោយព្រួយបារម្ភ។រាងកាយរបស់ខ្ញុំរុំជិតខ្ញុំមិនដឹងថាពេទ្យបានស្រាតខោអាវខ្ញុំអស់តាំងពីពេលណាទេដឹងត្រឹមថាពេលនេះគឺឈឺចាប់ណាស់។

ខ្ញុំប្រញាប់រ៉ាយរ៉ាប់គ្រប់យ៉ាងឱ្យម៉ាក់ដឹងទាំងដែលកំពុងតែឈឺនៅឡើយ។

ក្រុមគ្រូពេទ្យបានទាក់ទងទៅប៉ូលិសហើយក៏បានទៅចាប់លោកគ្រូគណិតភ្លាមៗ។

គ្រប់យ៉ាងហាក់ដូចជាដើរដល់ផ្លូវចប់ទៅហើយ។ប៉ុន្មានខែក្រោយមកខ្ញុំក៏បានជាសះស្បើយសព្វគ្រប់នៅសាលានៅតែមានមនុស្សសួរខ្ញុំឥតឈប់ពីរឿងរ៉ាវនៃហេតុការណ៍ដែលខ្ញុំបានជួបនាយប់នោះ។

លោកគ្រូបានជាប់គុកហើយពីបទលួចបើកកាប់ជ្រូកខុសច្បាប់និងប៉ុនប៉ងមនុស្សឃាតហើយព័ត៌មានចុះផ្សាយអំពីគាត់ក៏ល្បីសុះសាយ។

វាកន្លងទៅច្រើនឆ្នាំពិតមែនតែខ្ញុំនៅតែមានសុបិនអាក្រក់អំពីហេតុការណ៍និងអារម្មណ៍នាយប់នោះថ្វីបើអ្នកផ្ទះខ្ញុំមិនអនុញ្ញាតឱ្យរំលឹករឿងនេះឡើយ។

តែមានយប់ខ្លះខ្ញុំសុបិនឃើញគាត់គាត់មករកខ្ញុំចង្អុលមុខខ្ញុំហើយស្រែកខ្លាំងៗទាំងមានកាំបិតក្នុងដៃដោយស្រែកថា អាស្លាប់៕

from: https://tnaot.com/km/m/detail/article/9235431