ការប្រកួតបាល់ទាត់រវាងក្រុម MLS All-Star របស់សហរដ្ឋអាមេរិក ជាមួយនឹងក្រុម Liga MX All-Star របស់ប្រទេសមិចស៊ីកូ ដែលគ្រោងធ្វើឡើងនៅខែកក្កដាខាងមុខនេះ ត្រូវបានគណៈកម្មការរៀបចំការប្រកួតសម្រេចលុបចោលទៅហើយ ដោយសារបញ្ហាប្រឈមនៃវីរុស កូវីដ-១៩ នៅតែអាចកើតមាន។
ការប្រកួតខាងលើនេះ គ្រោងនឹងធ្វើឡើងនៅក្នុងទីក្រុង Los Angeles នៅថ្ងៃទី២៩ ខែកក្កដា ដោយការប្រកួតនេះដែរក្រុមទាំងពីរខាងលើមានសិទ្ធជ្រើសរើសកីឡាករដែលលេងនៅក្នុងលីគរបស់ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែត្រូវបានលុបចោលជាផ្លូវការកាលពីថ្ងៃអង្គារបាត់ទៅហើយ។
គួរឱ្យដឹងដែរថា សហរដ្ឋអាមេរិកបានរងការវាយប្រហារខ្លាំងបំផុតពីវីរុស កូវីដ-១៩ ដោយមានករណីឆ្លងជាង ១លាន ៥ សែននាក់ និងចំនួនអ្នកស្លាប់លើសពី ៩៣ ០០០ នាក់៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore