ទីបំផុតកូរ៉េខាងត្បូង អនុញ្ញាតឲ្យសិស្សរាប់សែននាក់ចូលរៀនវិញ ប៉ុន្តែត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះ COVID-19 ដដែល
(សេអ៊ូល)៖ សិស្សានុសិស្សរាប់សែននាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង បានត្រឡប់ទៅសាលារៀនរបស់ពួកគេវិញហើយនៅថ្ងៃពុធនេះ ខណៈគ្រឹះស្ថានសិក្សាមួយចំនួនធំ ចាប់ផ្ដើមបើកដំណើរការឡើងវិញ បន្ទាប់ពីការពន្យារពេលបើកទ្វារអស់ជាង២ខែ ដោយសារជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០។
ការសម្រេចចិត្តអនុញ្ញាត ឱ្យសិស្សចូលរៀនឡើងវិញខាងលើនេះ កើតមានឡើងក្រោយអាជ្ញាធរកូរ៉េខាងត្បូង មើលឃើញថា ភាពភ័យខ្លាចពីការឆ្លងរាតត្បាត COVID-19 មានភាពធូរស្រាល។ ប៉ុន្តែសិស្សទាំងអស់ត្រូវបានតម្រូវឱ្យអនុវត្ត វិធានការបង្ការមួយចំនួន ក្នុងនោះមានដូចជាមុនចូលថ្នាក់រៀន ពួកគេត្រូវរក្សាគម្លាតសុវត្ថិភាព, ទទួលការវាស់កម្ដៅនៅក្នុងខ្លួន និងលាងដៃឱ្យបានស្អាតជាមួយសិន។ លើសពីនេះទៅទៀត ពេលនៅក្នុងថ្នាក់រៀន ពួកគេត្រូវជូតសម្អាតតុរបស់ខ្លួនឱ្យបានស្អាតជានិច្ចផងដែរ ខណៈសាលារៀនខ្លះបានដំឡើងតុ ដែលខណ្ឌចែកឲ្យសិស្សអង្គុយដាច់ឆ្ងាយពីគ្នាផងដែរ។
គួរជម្រាបថា សិស្សវិទ្យាល័យ ៤៤០,០០០នាក់ ដែលនឹងត្រូវចូលរួមប្រឡង ដើម្បីបន្តការសិក្សានៅថ្នាក់សាកលវិទ្យាល័យនៅខែធ្នូ ខាងមុខនេះ បានត្រឡប់ទៅថ្នាក់រៀនវិញមុនគេ ខណៈសិស្សដទៃៗទៀតអាចនឹងចូលរៀន នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ។ បើតាមគេហទំព័រ worldometers កូរ៉េខាងត្បូងនៅព្រឹកថ្ងៃពុធនេះ បានប្រកាសពីការរកឃើញ អ្នកឆ្លង COVID-19 ៣២នាក់ទៀត ធ្វើឲ្យករណីឆ្លង COVID-19 សរុបកើនដល់ ១១,១១០ករណី ក្នុងនោះស្លាប់ ២៦៣នាក់ និងជាសះស្បើយឡើងវិញ ១០,០៦៦នាក់៕