ភ្នំពេញ៖ ចំនួន ៣៩ថ្ងៃជាប់ៗគ្នាហើយ ដែលព្រះរាជាណាចក្រកម្ពុជា បន្តគ្មានករណីឆ្លងជំងឺកូវីដ១៩ ក្រោយព្យាបាលអ្នកជំងឺទាំង ១២២នាក់ជាអស់។ នេះតាមរបាយការណ៍នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ចេញនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ថា រហូតដល់ម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជាពុំរកឃើញករណីជំងឺកូវីដ១៩ថ្មីទេ។ ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានអំពាវនាវត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ។ ល។ ហើយត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ ល។
គួរបញ្ជាក់ថា ក្រោយពីរកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ គិតមកត្រឹមពេលនេះ កម្ពុជាបានធ្វើតេស្តរកវីរុសកូវីដ១៩ ចំនួន ១៥.៥៧២ ស្មើនឹង ៩៥៨នាក់ក្នុង ១លាននាក់៕ ដោយ៖ តារា