ភ្នំពេញ៖ ក្រសួងបរិស្ថាន នឹងប្រើប្រាស់ប្រព័ន្ធឌីជីថលស្វ័យត្រួតពិនិត្យតាមដានគុណភាពបរិស្ថាន ពីទីតាំងប្រភពបំពុល ដើម្បីការពារបរិយាកាសក្នុងប្រទេសកម្ពុជាឱ្យមានភាពបរិសុទ្ធ បន្ទាប់ទទួលបច្ចេកវិទ្យានេះពីក្រុមហ៊ុន GUOAO (Cambodia) Environmental Engineering Co., Ltd កាលពីម្សិលមិញ។
គួរបញ្ជាក់ឱ្យដឹងថា ប្រព័ន្ធឌីជីថលស្វ័យត្រួតពិនិត្យតាមដានគុណភាពបរិស្ថាន ពីទីតាំងប្រភពបំពុល និងបំពេញការងារសំខាន់ៗ ដូចជា៖
១-តាមដានស្ថានភាពកំពុងដំណើរការប្រព្រឹត្តិកម្មសំណល់ រាវ នូវប្រភពបំពុល និងភាពមិនប្រក្រតី នៃអាងប្រព្រឹត្តិកម្មសម្អាតមិនគោរពតាមគោលការណ៍បច្ចេកទេស សំដៅធានាថា លទ្ធផលនៃដំណើរប្រព្រឹត្តិកម្មសំណល់រាវ របស់ប្រភពបំពុលប្រកបដោយតម្លាភាព។
២-តាមរយៈការផ្តល់សញ្ញា ឬទិន្នន័យដោយឧបករណ៍ស្វ័យប្រវត្តិ ក្រសួងបរិស្ថានអាចចាត់វិធានការទប់ស្កាត់ការបំពុលបរិស្ថានទាន់ពេលវេលា ដល់ប្រភពបំពុល ចំពោះភាពខ្វះខាតដំណើរការប្រព្រឹត្តិកម្មសំណល់រាវរបស់ខ្លួន។
៣-កាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយ នៃការចុះអធិការកិច្ចនៅប្រភពបំពុលនានា ដែលអាចកើតមាន។
៤-កាត់បន្ថយការរំខានដល់ម្ចាស់រោងចក្រ សហគ្រាសនានា ព្រមទាំងសម្ដែងពីភាពស្មោះត្រង់ និងតម្លាភាព ស្របតាមកំណែទម្រង់ការងាររបស់ក្រសួងបរិស្ថាន ដោយប្រើប្រាស់ប្រព័ន្ធអនឡាញ ពីមនុស្សច្រើនធ្វើការតិច មកមនុស្សតិចធ្វើការច្រើន ដើម្បីកាត់បន្ថយការចំណាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងអំឡុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ ។
ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សៅ សុភាព បានបញ្ជាក់ថា ក្រសួងបរិស្ថានបានផ្តល់លិខិតអនុញ្ញាតឱ្យក្រុមហ៊ុននេះ ផ្តល់សេវាបំពាក់ប្រព័ន្ធឌីជីថលស្វ័យត្រួតពិនិត្យតាមដានគុណភាពបរិស្ថានពីដំណើរការប្រព្រឹត្តិកម្មសំណល់រាវ និងការបញ្ចេញឧស្ម័នពីបំពង់ផ្សែង។ លោកបន្តថា ប្រព័ន្ធគ្រប់គ្រង និងបញ្ជូនទិន្នន័យដោយស្វ័យប្រវត្តិ និងមានការដំឡើង ដើម្បីតាមដានដល់រោងចក្រ សហគ្រាស ដែលមានសក្តានុពលបំពុលបរិស្ថានផងដែរ៕ ដោយ៖ តារា